យោងតាមប្រសាសន៏ លោក ណឹប ប្រុស ក្រុមប្រឹក្សាឃុំត្រពាំងបី បានអោយដឹងថា ភ្នំថ្មពួកនេះ ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និង វប្បធម៌ មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប ។ នៅលើភ្នំនេះ ដូនតាខ្មែរ បានកសាងប្រាសាទថ្មពួក ដែលស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុប (ដែលកសាងឡើងពីប្រភេទឥដ្ឋដុត)
ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃ គ្រឹស្តសករាជ ។ ប្រាសាទភ្នំថ្មពួក មានរឿងរ៉ាវពាក់ព័ន្ធនឹងស្តេចព្រះយ៉ង់កោ និង ព្រះនាងសក់ក្រអូបជាព្រះមាតា ដែលត្រូវបានសត្រូវចាប់យកទៅ ។មានរឿងដំណាលថានៅលើភ្នំនេះ មានរូងភ្នំប្រវត្តិសាស្ត្រមួយដែលត្រូវសិក្សាបន្ថែម ។ ភ្នំថ្មពួកមានតម្លៃផ្នែកជីវៈចម្រុះ ព្រោះជាទីជម្រកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ រួមទាំងប្រភេទកម្រ និងជិតផុតពូជដែលមានតម្លៃលេចធ្លោជា សកលសម្រាប់ការអភិរក្ស និង វិទ្យាសាស្ត្រ ។ តម្លៃផ្នែកភូគម្ភសាស្ត្រគឺ តួភ្នំទាំងមូលជាប្រភេទដីគ្រួសក្រហម និង ថ្មបាយក្រៀម ។ ប្រាសាទភ្នំថ្មពួក ស្ថិតនៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ដែលមានចំងាយ ២២គីឡូម៉ែត្រពីទីរួមស្រុកឈូក ខេត្តកំពត និង មានចំងាយ ១២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤១ (ផ្លូវព្រះបាទអង្គឌួង ) ។ នៅលើផ្លូវជាតិលេខ ៤១ (ផ្លូវព្រះបាទអង្គឌួង ) ត្រង់បង្គោលថ្មលេខ ៨៨ អ្នកនឹងឃើញផ្លូវដី ក្រហម ហើយបត់ចូលតាមផ្លូវនោះរួចបន្តដំណើរប្រមាណ ២ គីឡូម៉ែត្រនឹងទៅដល់ប្រាសទភ្នំថ្មពួក ។ ប្រាសាទថ្មពួក ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ ៦៦៥៨ ជាសម្បត្តិបេតិ កភណ្ឌជាតិ និងផ្ទៃដីភ្នំថ្មពួកគ្របដណ្តប់លើទំហំដី ប្រមាណ ៣៣ហិចតា
បានបោះបង្គោលព្រំសម្គាល់ជាតំបន់បេតិកភណ្ឌវប្បធម៌ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួចហើយ ។ រដ្ឋាភិបាលបានចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណចំនួន ១៧៣ទីតាំង នៅក្នុងតាមតំបន់ភ្នំ ក្នុងនិងក្រៅតំបន់ការពារធម្មជាតិជាតំបន់អភិរក្សបេតិកភណ្ឌ
សម្រាប់កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំថ្មពួកផងដែរ ។ក្រសួងបរិស្ថានសហការជាមួយស្ថាប័ន ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នឹងស្នើសុំរដ្ឋាភិបាលបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិប្រាសាទភ្នំថ្មពួក រួមមាន៖ ១)ភ្នំថ្មពួកដែលមានប្រាសាទថ្មពួកនៅលើនោះ ។ ២)ស្រះបុរាណ (ស្រះល្បើកឬស្រះថ្មអណ្តែត) ទំហំ ០២ហិចតា ស្ថិតនៅប្រមាណ១០០០ម៉ែត្រពីភ្នំ ដែលដូនតាខ្មែរបានជីកជាឧបសម្ព័ន្ធនៃប្រាសាទ ថ្មពួក ។ និង៣) បឹងធម្មជាតិថ្មពួក) គ្របដណ្តប់លើផ្ទៃដី៤៥ហិចតា ៕
ចប់